Coalitics is the politics of coalition.


ប្រជាធិបតេយ្យ

ក្នុងបរិបទសកល ប្រជាធិបតេយ្យមានប្រភពពីប្រទេសក្រិក តាំងពីជាងពីរពាន់ឆ្នាំមុន។ ពាក្យប្រជាធិបតេយ្យ (democracy) មកពីពាក្យក្រិក demokratia ដែល demos មានន័យថាប្រជាជន និង kratia មានន័យថាអំណាច។ ដោយខ្លី ប្រជាធិបតេយ្យ គឺអំណាចរបស់ប្រជាពលរដ្ឋ ដឹកនាំដោយប្រជាពលរដ្ឋ។

ចំណែកឯ អ្នកវិទ្យាសាស្រ្តនយោបាយឲ្យនិយមន័យ លិទ្ធិប្រជាធិបតេយ្យថាជាប្រព័ន្ធដឹកនាំរដ្ឋមួយ ដែលអំណាចនយោបាយឋិតនៅលើប្រជាពលរដ្ឋ។​ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនដោយផ្ទាល់​ ឬដោយប្រយោល តាមរយៈទំរង់សំខាន់បីយ៉ាងគឺៈ ការចូលរួម ការប្រកួតប្រជែង និងសិទ្ធិសេរីភាព។

ជាសមញ្ញ ប្រជាធិបតេយ្យ មានន័យថា ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដោយផ្ទាល់ក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់ពួកគាត់។ ក្នុងប្រព័ន្ធប្រជាធិបតេយ្យ ការធ្វើសេចក្តីសម្រេចចិត្តអំពីការដឹកនាំប្រទេសមិនស្ថិតនៅលើតែបុគ្គលណាម្នាក់ទេ។ ប្រព័ន្ធនេះប្រមូលផ្តុំនូវគំនិត ទស្សនៈ យោបល់ របស់ប្រជាពលរដ្ឋទាំងអស់ ហើយធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើទស្សនៈយោបល់ទាំងអស់នោះ។

សរុបមក ធាតុសំខាន់ចម្បងនៃលិទ្ធិប្រជាធិបតេយ្យគឺការបោះឆ្នោត។ ការបោះឆ្នោតជាការផ្តល់អំណាចដល់ប្រជាពលរដ្ឋ។ ការបោះឆ្នោតនឹងមានប្រយោជន៏ដល់ការរាំងខ្ទប់បុគ្គលណាមួយ និង/ឬ ក្រុមណាមួយពីការរំលោភអំណាច និងការកាន់អំណាចគ្មានទីបញ្ចប់។

Leave a comment