Coalitics is the politics of coalition.


គណបក្សនយោបាយជាអ្វី?

គណបក្ស មិនមែនជាអ្នកសាងសង់ ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកទេ។ គឺរដ្ឋាភិបាលទេ ដែលជាអ្នកមានតួនាទីក្នុងការងារទាំងនេះ មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋាភិបាលមានកាតព្វកិច្ចច្រើនជាងហ្នឹងទៀត។ មន្ត្រីគណបក្ស CPP ដែលមិនយល់ច្បាស់ពីរដ្ឋបាលធារណៈ តែងបានអៈអាងថាគណបក្សគេជាអ្នកសាងសង់ ទោះសំណងភាគច្រើនគ្មានគុណភាពក៏ដោយ។

ចុះ គណបក្សនយោបាយជាអ្វី?

គណបក្សនយោបាយ គឺជាបណ្តុំនៃក្រុមមនុស្សដែលមានទស្សនៈនយោបាយ មនោគមវិជ្ជានយោបាយ ដូចគ្នា ឬ ស្រដៀងគ្នា ដែលបង្កើតឲ្យបានជាស្ថាប័នមួយគឺគណបក្សនយោបាយ ព្រមជាមួយនឹងការបង្កើតគោលនយោបាយ សំដៅស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបានអំណាចនយោបាយ គឺការដឹកនាំរដ្ឋ។ ដូច្នេះ តួនាទីរបស់គណបក្សនយោបាយ គឺការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន។ ឧទាហរណ៏គណបក្សខ្លះមានគោលនយោបាយប្រឆាំងអំពើពុករលួយ ធានាឲ្យតុលាការឯករាជ្យ ជាដើម។ ទន្ទឹមគ្នានេះដែរ គណបក្សតែងបានជ្រើសរើសឲ្យមានបេក្ខជនល្អៗ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

បន្ទាប់ពីទទួលបាននូវការគាំទ្រពីពលរដ្ឋ គណបក្សឈ្នះឆ្នោតនឹងទៅបង្កើតរដ្ឋាភិបាល ហើយក្រោមរូបភាពរដ្ឋាភិបាលនេះហើយ គេនឹងប្រើរដ្ឋបាលសាធារណៈ ដើម្បីអនុវត្តនូវគោលនយោបាយដែលគេបានឃោសនា គឺគេមិនប្រើមន្ត្រីគណបក្ស ឬ រចនាសម្ព័ន្ធគណបក្ស ដើម្បីអនុវត្តតួនាទីភារកិច្ចក្នុងក្របខ័ណ្ឌរដ្ឋបាលសាធារណៈឡើយ។ បើទោះបីជាសមាជិកគណបក្សកាន់អំណាចក៏ដោយ ក្នុងម៉ោងរដ្ឋពួកគេជាបុគ្គលិករដ្ឋ ហើយសមិទ្ធិផលទាំងអស់នោះ គឺជារបស់រដ្ឋដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋ ឬ ប្រាក់កម្ចីបរទេសដែលពលរដ្ឋជាសងបំណុល។