Coalitics is the politics of coalition.


ល្បែងសង្គ្រាមក្នុងមហិច្ឆតាអំណាច

បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសថៃ និង ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា នឹងធ្វើឲ្យសង្គ្រាមថៃ-កម្ពុជាបន្តអូសបន្លាយ។ ក្រោយជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី អំពីសង្គ្រាមថៃ-កម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Bridget Welsh អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nottingham នៃប្រទេសម៉ាឡេស៊ី និយាយជាមួយទូរទស្សន៌សឹង្ហបុរី (Channel News Asia)ថា យន្តការខាងក្រៅទំនងជាមិនអាចផ្តល់ដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនេះទេ។​ លោកស្រី អះអាងថា​ សង្គ្រាមនេះកើតឡើង ដោយសារ បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសថៃ និង ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ហើយពួកគេ នៅមានចេតនាក្នុងការបន្តសង្គ្រាមនេះ ឲ្យនៅអូសបន្លាយ ខណៈដែលអ្នកកាន់អំណាចនៃប្រទេសពីរ មិនអាចដោះស្រាយបញ្ហាចាក់ស្រេះ ក្នុងប្រទេស។ ដោយសារបញ្ហាក្នុងប្រទេសទាំងពីរ ធ្វើឲ្យអ្នកកាន់អំណាចនៃប្រទេសទាំងពីរ គ្មានឆន្ទៈពិតប្រាកដ ក្នុងការអនុវត្តតាមការសម្របសម្រួលពីភាគីខាងក្រៅ។ ភាគីទាំងពីរ នៅបន្តចោទប្រកាន់គ្នាទៅវិញទៅមក អំពីការធ្វើឲ្យបរាជ័យនៃបទឈប់បាញ់ ស្របពេលដែលយន្តការអន្តរជាតិ មានត្រឹមតែ វិធានការការទួត។

អ្នកវិភាគនយោបាយបារាំង / អាមេរិក / អង់គ្លេស / ម៉ាឡេស៊ី អះអាងថា បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសថៃ និង ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា បានធ្វើឲ្យសង្គ្រាមថៃ-កម្ពុជា ផ្ទុះឡើង ហើយអ្នកកាន់អំណាចនៃប្រទេសទាំងពីរ មានចេតនាបន្តសង្គ្រាម ឲ្យនៅអូសបន្លាយទៅមុខទៀត។​ នេះស្តែងឲ្យឃើញថា អ្នកកាន់អំណាច ប្រើប្រាស់មនោគមវិជ្ជានយោបាយ «ជាតិនិយម»​ តាមរយៈការបញ្ឆេះសង្គ្រាម និងបំផុសឲ្យមានមនោសញ្ចេតនាជាតិនិយម ក្នុងចំណោមប្រជាជន ដើម្បីបានការគាំទ្រពីប្រជាជន និងបង្វែរការចាប់អារម្មណ៌របស់ប្រជាជនពីអំពើឧក្រិដ្ឋកម្ម ដែលមានការពាក់ព័ន្ធនឹងអ្នកកាន់អំណាច។ ជាការពិតណាស់ ការប្រជែងអំណាចក្នុងប្រទេសថៃ រវាងក្រុមម្ខាង និងក្រុមម្ខាងទៀតដែលគាំទ្រដោយពួកយោធា តែងនាំឲ្យមានអំពើរដ្ឋប្រហារ។ មេដឹកនាំថៃ ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ ប៉ុន្តែមិនមានគាំទ្រពីពួកយោធា ប្រឈមនឹងការបាត់បង់អំណាចទៅវិញ។ ដោយឡែក នៅប្រទសកម្ពុជា អំពើឧក្រិដ្ឋកម្មឆបោកអនឡាយ ជាអំពើឧក្រិដ្ឋកម្មអន្តរជាតិ ដែលសហគមន៌អន្តរជាតិបានបន្តដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដល់អ្នកពាក់ព័ន្ធ និងតាមចាប់មេខ្លោងធំ។

Leave a comment