EBA មិនរំលោភអធិបតេយ្យប្រទេសណាមួយទេ ហើយក៏មិនត្រូវការឲ្យប្រទេសណាមួយយកអធិបតេយ្យទៅដោះដូរ ដើម្បីបានភាពអនុគ្រោះពន្ធ EBA នោះទេ។ ប៉ុន្តែអ្វីដែលជាតម្រូវការនោះ គឺការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
EBA (Everything but Arms) អ្វីទាំងអស់លើកលែងអាវុធ គឺជាគោលនយោបាយលើកលែងពន្ធនាំចូល ដែលសហភាពអឺរ៉ុប ផ្តល់ជូនប្រទេសអភិវឌ្ឍន៏តិចតួច ដូចជាកម្ពុជាជាដើម អាចនាំទំនិញទៅលក់នៅអឺរ៉ុប ដោយមិនបាច់បង់ពន្ធនាំចូល។ គោលនយោបាយនេះ នាំឲ្យក្រុមហ៊ុនវិនិយោគមួយចំនួន មករកស៊ីនៅប្រទេសក្រីក្រ ហើយនាំទំនិញទៅអឺរ៉ុប។ ប្រទេសជាច្រើនចង់បានគោលនយោបាយនេះ រួមមានថៃ និងវៀតណាមជាដើម។ ថៃ និងវៀតណាម មានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជា គេនៅចង់បានគោលនយោបាយនេះ ហេតុអ្វីអ្នកក្តាប់អំណាចកម្ពុជា មិនបំពេញល័ក្ខខ័ណ្ឌ ដើម្បីបន្តទទួលបាន EBA។ បាត់ ២០%ហើយ នៅតែមិនកែខ្លួន។
ជាការពិតណាស់ សហភាពអឺរ៉ុប មិនត្រូវការឲ្យកម្ពុជាយកអធិបតេយ្យជាតិ ទៅដោះដូរដើម្បីបន្តទទួលបាន EBA នោះទេ។ ប៉ុន្តែគេត្រូវការឲ្យមេដឹកនាំកម្ពុជា គោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ពលរដ្ឋអឺរ៉ុប ក៏មិនគាំទ្រដែរ ពីព្រោះសិទ្ធិមនុស្ស គឺជាតម្លៃជាសកលរបស់មនុស្ស ហើយកម្ពុជា ក៏ជាសមាជិក នៃកតិកាសញ្ញា និងសន្ធិសញ្ញាជាសកលស្តីពីសិទ្ធិមនុស្សដែរ។ លើសនេះទៀត កិច្ចព្រមព្រៀងប៉ារីស ២៣ តុលា ១៩៩១ ក៏តម្រូវឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។


